គិត​មកដល់​ថ្ងៃនេះ គ្រោះ​រញ្ជួយ​ដី​ដែល​វាយប្រហារ​ប្រទេស​តួរ​គី និង​ស៊ី​រី បាន​សម្លាប់​មនុស្ស​កើន​ឡើង​ជាង​៤៦,០០០​នាក់​ហើយ​

(​អង់កា​រ៉ា​)៖ គ្រោះ​រញ្ជួយ​ដី​ដែល​បាន​វាយប្រហារ​ប្រទេស​តួរ​គី និង​ស៊ី​រី គិត​មក​ទល់​ថ្ងៃ​អាទិត្យ​នេះ​មាន​រយ​:​ពេល​២​សប្ដាហ៍​ហើយ ខណ​:​ដែល​ជនរងគ្រោះ​បាត់បង់​ជីវិត​សរុប​កើន​ដល់ ៤៦,៤៤២​នាក់​ហើយ ក្នុង​នោះ​អា​ផាត​មិន​ប្រហែល ៣៤៥,០០០​បន្ទប់​នៅ​តួរ​គី ត្រូវបាន​បំផ្លិចបំផ្លាញ រួម​ជាមួយ​មនុស្ស​ជាច្រើន​នាក់​ទៀត​នៅ​បន្ត​បាត់​ខ្លួន​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣​។​

​រយៈពេល​១២​ថ្ងៃ ក្រោយ​គ្រោះ​រញ្ជួយ​ដី មនុស្ស​នៅ​រស់​ចំនួន​៣​នាក់​ទៀត រួមមាន​ទាំង​ក្មេង​ម្នាក់​ផងដែរ ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ក្រោម​គំនរ​អគារ ក្នុង​ប្រទេស​តួរ​គី​កាលពី​ថ្ងៃ​សៅរ៍​នេះ​។ គិត​ត្រឹម​ពេល​ឥឡូវ តួលេខ​អ្នកស្លាប់​នៅ​តួរ​គី​គឺ ៤០,៦៤២​នាក់ ខណៈ​ស៉ី​រី​ដែល​នៅ​ក្បែរ​ខាង​គ្នា មាន​ជាង​៥,៨០០០​នាក់​។ តួលេខ​អ្នកស្លាប់​នៅ​ស៉ី​រី​ពុំបាន​ប្រែប្រួល​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ស្របពេល​ដែល​ក្រុម​សង្គ្រោះ​អន្តរជាតិ​ភាគច្រើន បាន​ចាកចេញ​ពី​តំបន់​គ្រោះ​រញ្ជួយ​ដី​វិញ​ហើយ​នោះ ក្រុម​ភ្នាក់ងារ​ក្នុងស្រុក​ផ្ទាល់​នៅតែ​កំពុង​បន្ត​ប្រតិបត្តិការ​ដដែល ក្រោម​ក្តីសង្ឃឹម​ថា​នឹង​អាច​ស្វែងរក​អ្នក​នៅ​រស់​បន្ថែមទៀត​។ ដោយឡែក​ទាំង​តួ​ក​គី​និង​ស៉ី​រី គឺ​ពុំ​បាន​បញ្ជាក់​ច្បាស់​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​នៅ​បាត់​ខ្លួន​ឡើយ​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ អង្គការសហប្រជាជាតិ​បានប្រកាស​រៃអង្គាស​ថវិកា​ចំនួន​ជាង ១​ពាន់​លាន​ដុល្លារ សម្រាប់​ប្រតិបត្តិ​ការសង្គ្រោះ​នៅក្នុង​ប្រទេស​តួ​ក​គី ហើយក៏​បាន​ប្រកាស​ស្នើសុំ​៤០០​លាន​ដុល្លារ សម្រាប់​ប្រជាជន​ស៉ី​រី​ដែល​រងគ្រោះ​ផង​ដែរ​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *